(កំពង់ធំ)៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានលើកឡើងថារូបសំណាកធ្នូសទោង នឹងប្រតិស្ឋានលើទឹកដីស្រុកស្ទោងក្នុងពេលឆាប់ៗនេះ ការលើកឡើងបែបនេះក្នុងឱកាសដែលលោកអភិបាលស្រុកអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីរៀបចំក្រុងពាលីសាងសង់នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។
លោកបានលើកឡើងទៀតថា ការកសាងសំណាក់ធ្នូសទោងនេះឡើងដោយមានអត្ថន័យនិងខ្លឹមសារច្បាស់លាស់ គឺ កំពូលសសរតំណាងឲ្យព្រះឥសូរ សសរមានរាង៨ជ្រុងតំណាងឲ្យព្រះវិស្ណុ រីឯធ្នូស តំណាងឲ្យប្រវត្តិរបស់ស្រុកស្ទោង ដែលព្រះបាទសេន្ទ្រាទីពីរមាន ធ្នូសជាអាវុធ និងមានមហិទ្ធឫទ្ធិខ្លាំងក្លា ហើយខឿនថ្នាក់ទីមួយនិងថ្នាក់ទីពីរមានរាងបួនជ្រុងតំណាងឲ្យព្រះព្រហ្ម ចំណែកឯរូបសត្វតោតំណាងឲ្យ ស្តេចនៃសត្វចតុប្បាទ បង្គោលសីមាតំណាងឲ្យ ដែនកំណត់រវាងស្ថានមនុស្សនិងស្ថានពេលទេវៈ រង្វង់ពណ៌ខៀវដែលព័ទ្ធជុំវិញរូបសំណាកនេះតំណាងឲ្យប្រទេសកម្ពុជា ដ៏មហាសាល រីឯផ្ទៃពណ៌ស តំណាងឲ្យ ភាពស្មោះត្រង់បរិសុទ្ធ ឧត្ដមគតិ និងមនសិការក្នុងការដឹកនាំ។
លោកបន្តទៀតថាការរៀបចំក្រុងពាលីបុកគ្រឹះ នេះគឺធ្វើឡើងតាមបែបព្រហ្មមញ្ញសាសនាមានបាយសីរៀបចំពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសប្បាយ។
សូមបញ្ជាក់ថា និមិត្តសញ្ញារដ្ឋបាលស្រុកស្ទោង (ធ្នូសទោង )ទទួលស្គាល់តាមប្រកាសលេខ ៥៤២៥ប្រក របស់ក្រសួងមហាផ្ទៃ ក្នុងការបង្កើតនិងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកស្ទោង ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ ចុះហត្ថលេខា និងប្រថាប់ត្រាដោយឯកឧត្តមអភិសន្តិបណ្ឌិតសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយរូបសំណាក ធ្នូសទោង ស្ថិតនៅលើសួនសទោង ដែលជាចំណុចប្រសព្វ រវាងឃុំទ្រា និងឃុំកំពង់ចិនជើង ត្រង់ផ្លូវបំបែកច្រមុះជ្រូកមុខសាលាស្រុកស្ទោង ដែលសាងសង់ពីថ្មភក់និងមានកម្ពស់១៧ ម៉ែត្រដែលសសរធ្នូមានអង្គត់ផ្ចិត១,៦ម៉ែត្រ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។