នៅក្នុងហ្វេសប៊ុកផេខ នាថ្ងៃទី ០៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ការងារ ជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភានិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិង បញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិ ខ្មែរតែមួយ។
ខ្ញុំបានប្រគល់ការងារជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
បើលេងកុំខឹងបើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តី ត្រូវការសម្លេង ២ ភាគ ៣ ទើបអាចអនុម័តបាន ៕