ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្ដាល រួមនឹងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា កសាងអគារទីស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ពិធីនេះប្រារព្វធ្វើឡើងនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។
អាគារពហុបំណងនេះ ជាសមិទ្ធិផលថ្មីនៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលបម្រើឱ្យដល់សកម្មភាពសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ក៏ដូចយុវជនក្នុងខេត្តកំពង់ចាមទាំងមូល ទាំងក្នុងវិស័យវិទ្យាសាស្ដ្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងខេត្តផងដែរ។