កំពង់ចាម÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមជាមួយឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការផ្តល់ឥណទានសម្រាប់ប្រជាកសិករចិញ្ចឹមសត្វ ចញ្ចឹមត្រី និងដាំបន្លែ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត បងប្អូនប្រជាកសិករដែលប្រកបរបចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែ ប្រមាណ២៥០នាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលេចនូវលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ ដោយរក្សាបាននូវផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ។
ទន្ទឹមនោះដែរវិស័យកសិកម្មក្នុងខេត្តកំពង់ចាម ក៏កំពុងមានវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការធ្វើកសិកម្មសម្រាប់ផ្គត់ផ្គង់គ្រួសារផង និងសម្រាប់បម្រើការនាំចេញផង។ ប្រជាកសិករ យល់ដឹងអំពីបច្ចេកទេសកសិកម្ម។ ការវិនិយោគលើវិស័យកសិកម្មពីសំណាក់វិស័យឯកជន ពិសេសដំណាំស្រូវ កៅស៊ូ ចេកជាដើម ។ល។ នៅឆ្នាំ២០១៩-២០២០នេះ ខេត្តកំពង់ចាម សល់ស្រូវសម្រាប់នាំចេញចំនួន ១៧០ ៥៧៣តោន។ ដំណាំរួមផ្សំ បន្លែបានចំនួន ១៦៥,៨៦២តោន ការចិញ្ចឹមសត្វគ្រប់ប្រភេទ មានចំនួន ៦,២០៣,៦៦០ក្បាល និងក្រោយការហូប យើងនៅសល់សាច់ ៣១,៩៦២តោន។ ការងារចិញ្ចឹមត្រី បានចំនួន ៣៩,០៤០តោន និងក្រោយការហូបចុក យើងនៅខ្វះត្រីហូបចំនួន ២៤,០៨៨តោន៕