(ខេត្តកំពត)៖ នៅរសៀលថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានទទួលជួប លោក កែន សម្បត្តិ អគ្គនាយករងពន្ធដារ តំណាង លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកពន្ធដារ បាននាំលោកប្រធានសាខាពន្ធដារថ្មី នៃសាខាពន្ធដារខេត្តកំពត ដើម្បីជួបសម្តែងការគួរសម និងណែនាំបង្ហាញខ្លួនប្រធានពន្ធដារថ្មី ងាយស្រួលក្នុងការបំពេញភារកិច្ចសហការបានល្អ។
ក្នុងឱកាសនោះដែរ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានក្រើនរំលឹកដល់លោកប្រធានសាខាពន្ធដារខេត្តកំពតថ្មី ត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ ពិសេសត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានា ដើម្បីឱ្យដំណើរការក្នុងអង្គភាពកាន់តែមានភាពល្អប្រសើរថែមទៀត។
សូមជម្រាបថា ដោយផ្អែកតាមប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ បានសម្រេចតែងតាំងលោក អ៊ូច គឹមស៊ាន ប្រធានសាខាពន្ធដារខេត្តកំពត ជាទីប្រឹក្សាអគ្គនាយកដ្ឋានពន្ធដារ ជួយការងារសាខាពន្ធដារខេត្តកំពត មានឋានៈស្មើ អនុប្រធាននាយកដ្ឋាន និងតែងតាំងលោក ហៀន សុខល់ ជាប្រធានសាខាពន្ធដារថ្មី នៃសាខាពន្ធដារខេត្តកំពត៕