ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អា​លី អាក​បារ ណា​ហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អា​លី អាក​បារ ណា​ហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ចូលជួប​សម្ដែង​ការគួរសម​

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អា​លី អាក​បារ ណា​ហ្សារី ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម Ali Akbar Nazari​និង​សហការី ដែល​បាន​អញ្ជើញ​មក​កម្ពុជា និង​បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០២៥​។ សម្តេច​តេជោ បាន​បន្ថែមថា ការទទួល​ជួប​ប្រធាន​ស្ថាន​តំណាង ពុំ​មាន​និវេសនដ្ឋាន​នៅ​កម្ពុជា គឺ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​នៃ​អាទិភាព​ការទូត​សភា ដែល​សម្តេច​បាន​កំណត់ ហើយ​ដែល​ជួយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​ការទូត​។

​នៅក្នុង​ឱកាស​ជំនួប​នេះ ឯកឧត្តម Ali Akbar Nazari បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេជោ ដែល​បាន​ផ្តល់​កិត្តិយស​ឆ្លៀតពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​សហការី ចូលជួប​សម្ដែង​ការគួរសម​។ ទន្ទឹមគ្នានេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ជូនពរ​ឆ្នាំ​ថ្មី និង​បាន​គោរព​ជូន​ពរ សម្តេច​តេជោ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា នា​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​នេះ​ផង​ដែរ​។ នៅក្នុង​ជំនួប​លើក​ដំបូង​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ សម្តេច​តេជោ ដែល​ទទួលបាន​ការគាំទ្រ​ជាប់ឆ្នោត​ជា​ប្រធានព្រឹទ្ធសភា​។ ឯកឧត្តម បាន​សម្តែង​នូវ​ការ​ស្ងប់ស្ងែង និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់ សម្តេច​តេជោ ដែល​បាន​បូជា លះបង់​យ៉ាង​ធំធេង ក្នុង​ការដឹកនាំ​កម្ពុជា ឱ្យ​មាន​សន្តិភាព ស្ថិរភាព និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រហូតដល់​បច្ចុប្បន្ន​។ សមិទ្ធផល​ដ៏​ច្រើន​លើសលុប​សម្រេចបាន​ទាំងនេះ ធ្វើឱ្យ​សម្តេច​តេជោ ស័ក្តិសម​ទទួលបាន​ងារ​ជា «​បិតា​សន្តិភាព​របស់​កម្ពុជា​»​។ ឆ្លៀត​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ បានលើកឡើង​បន្ថែមថា តាំងពី​ប្រទេស​ទាំង​ពីរ​ភ្ជាប់​ចំណង​ការទូត​មក ទំនាក់ទំនង​រវាង​កម្ពុជា​-​អ៊ីរ៉ង់ គឺជា​ទំនាក់ទំនង​មិត្តភាព និង​ស្ថាបនា​។ ប្រទេស​ទាំង​ពីរ​ក៏​បាន​ខិតខំ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នា​នា ជាពិសេស​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ថាមពល បច្ចេកវិទ្យា​… ក៏​ដូចជា​កិច្ច​ខិតខំ​ជំរុញ​ការបង្កើត​គណៈកម្មការ​ចម្រុះ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។ ដើម្បី​ពង្រឹង​សន្ទុះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ បានស្នើ​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​ទស្សនកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យបាន​ញឹក​ញ៉ាប់ និង​ក្នុងន័យនេះ បាន​ពាំនាំ​នូវ​ការអញ្ជើញ​របស់​ប្រធាន​សភា​អ៊ីរ៉ង់ គោរព​អញ្ជើញ សម្តេច​តេជោ បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ តាម​ពេលវេលា​សមស្រប​។ នៅ​ក្នុង​ស្មារតី​ដូចគ្នានេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ក៏​បាន​គូសបញ្ជាក់​អំពី​ការត្រៀមខ្លួន​រួចជាស្រេច​របស់​ភាគី​អ៊ីរ៉ង់ ក្នុង​ការគាំទ្រ​កម្ពុជា​ក្នុង​ការអភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​វិស័យ​សុខភាព​សាធារណៈ ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេវិទ្យា វិស្វកម្ម ឧស្សាហកម្ម និង​វិស័យ​ដទៃទៀត ដូចជា​ទេសចរណ៍​ជាដើម​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម Ali Akbar Nazari ចំពោះ​ការលើកឡើង​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ ជាពិសេស ការវាយតម្លៃ​ខ្ពស់​លើ​តួនាទី​របស់ សម្តេច នៅ​ក្នុង​ការបង្រួបបង្រួម​ជាតិ និង​ការកសាង​និង​រក្សា​សន្តិភាព​រយៈពេល​វែង ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច​តេជោ បាន​ជម្រាប ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​ការផ្ទេរអំណាច​ជូន​ថ្នាក់ដឹកនាំ​បន្ត​វេន ដែល​ជា​ការ​ប្តូរ​នឹង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រយៈពេល​វែង និង​បាន​សម្តែង​នូវ​ភាពជឿជាក់​ចំពោះ​សមត្ថភាព​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជំនាន់​ថ្មី ក្នុង​កិច្ច​ខិតខំ​លើកកម្ពស់​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​ឱ្យ​កាន់តែ​ខ្ពស់​ថែម​ទៀត​។ សម្តេច​តេជោ បាន​កោតសរសើរ​អំពី​សមត្ថភាព​ខ្ពស់​របស់​អ៊ីរ៉ង់ នៅក្នុង​វិស័យ​បច្ចេកវិទ្យា និង​ថាមពល​។ សម្តេច​តេជោ បាន​បន្តថា អ៊ឺរ៉ង់​គឺជា​ប្រទេស​មួយ​ដែល​អាច​គាំទ្រ​កម្ពុជា​ពង្រឹង​សន្តិសុខ​ថាមពល​របស់ខ្លួន​។ សម្តេច​តេជោ ក៏​បាន​រំលឹក​អំពី​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ នៅ​ទី​ក្រុងតេអេ​រ៉ង់ កាលពី​ឆ្នាំ​២០១២ និង​បាន​សង្កេតឃើញ​នូវ​សក្តានុពល​ដ៏​ធំធេង​របស់​អ៊ឺរ៉ង់​។ នៅក្នុង​បរិបទ​នេះ សម្តេច​តេជោ បាន​ផ្តល់​អនុសាសន៍​គាំទ្រ​ឱ្យ​ប្រទេស​ទាំង​ពីរ​លើក​កម្ពស់​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈ​ការជំរុញ​ស្នូល​ទៅលើ​ការបង្កើត​គណៈកម្មការ​ចម្រុះ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ដែល​នឹង​ក្លាយជា​យន្តការ​ផ្លាស់ប្តូរ​ការពិភាក្សាគ្នា​ទៅលើ​វិស័យ​ទាំងនេះ ក៏ដូចជា​វិស័យ​ដទៃទៀត​។ ស្តែង​ចេញ​ពី​យន្តការ​នេះ ភាគី​ទាំងពីរ​អាច​ចាប់ផ្តើម​ជំរុញ​ការរៀបចំ​កិច្ចព្រមព្រៀង​ស្តីពី​ការពារ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។ បន្ថែម​ពីលើ​នេះ សម្តេច​តេជោ​បានលើកឡើ​ង​ជា​អនុសាសន៍​ឱ្យ​អ៊ីរ៉ង់​ផ្តោត​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ដោយ​ងាក​សម្លឹង​មក​ទិសខាងកើត តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ប្រទេស​នានា​នៅក្នុង​តំបន់ និង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​តំបន់ ដូចជា​អាស៊ិប (RCEP) ជាដើម​។ សម្តេច​តេជោ ក៏​បាន​បញ្ជាក់​អំពី​គោលជំហរ​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការវិវឌ្ឍ​ស្ថានភាព​នៅ​ក្នុង​តំបន់ ដូចជា​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ក្នុង​ស្មារតី​នេះ បាន​ស្នើ​ឱ្យ​ជំរុញ​យន្តការ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​ចំពោះ​បញ្ហា​តំបន់ និង​អន្តរជាតិ​នានា ដែល​ជា​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោ ក៏​បាន​ចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​អាយុជីវិត​របស់​ឯកឧត្តម Ebrahim Raisi ប្រធានាធិបតី នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤ និង​ជាមួយគ្នានេះ តាមរយៈ​ឯកឧត្តម Ali Akbar Nazari ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​អ៊ីរ៉ង់ ឯកឧត្តម អាយ៉ា​តូឡា Ali Hoseini KHAMENEI និង​ឯកឧត្តម​ប្រធានាធិបតី Masoud Pezeshkian​។

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ជូនពរ និង​សូម​ព្រះ​អល់ឡោះ​ព្រទាន​ពរ​ជ័យ​ជូនដ​ល់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ និង​សហការី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com