ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ ម៉ា​កា ម៉ា​ត្រៃ (Marta Martrai) អនុប្រធាន​ទី​១ រដ្ឋសភា​ហុងគ្រី ចូលជួប​សម្តែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ ម៉ា​កា ម៉ា​ត្រៃ (Marta Martrai) អនុប្រធាន​ទី​១ រដ្ឋសភា​ហុងគ្រី ចូលជួប​សម្តែង​ការគួរសម​

​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ Marta Martrai អនុប្រធាន​ទី​១ រដ្ឋសភា​ហុងគ្រី និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោកជំទាវ អនុប្រធាន​ទី​១ រដ្ឋសភា ហុងគ្រី និង​គណៈប្រតិភូ​ទាំងអស់ រួមមាន​ទាំង​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រឆាំង​នៅ​ហុងគ្រី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​របស់​លោកជំទាវ​នា​ឱកាស​នេះ ដែល​វា​នឹង​រួមចំណែក​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ដ៏​យូរអង្វែង​បន្ថែម​ទៀត​រវាង​កម្ពុជា និង​ហុងគ្រី នៅ​ខណៈ​ដែល​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ នឹង​ឈាន ចូល​ដល់​ខួប​៧០​ឆ្នាំ នៅ​ឆ្នាំ​២០២៦​។ នា​ឱកាស​ជំនួប​នេះ លោកជំទាវ អនុប្រធាន​ទី​១ រដ្ឋសភា​ហុងគ្រី បាន​សម្តែង​នូវ​គារវកិច្ច កិត្តិយស និង​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ សម្តេច​តេជោ ដែល​បាន​អនុញ្ញាត​ជូន​លោក​ជំទាវ និង​គណៈប្រតិភូ​រដ្ឋសភា​ហុងគ្រី ចូលជួប​សម្តែង​ការគួរសម​។ លោកជំទាវ ក៏​បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​របស់​ឯកឧត្តម​ប្រធានរដ្ឋសភា​ហុងគ្រី គោរព​ជូន សម្តេច​តេជោ ផងដែរ​។​

​លោកជំទាវ Marta Martrai បាន​លើកឡើង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ហុងគ្រី គឺជា​ទំនាក់ទំនង​ដែល​មាន​ការគោរព​គ្នា​ទៅវិញទៅមក ហើយ​កម្ពុជា គឺជា​ដៃគូ​លេចធ្លោ​របស់​ហុងគ្រី​នៅក្នុង​តំបន់​។ រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​បង្កើត​ក្រុម​មិត្តភាព​ជាមួយគ្នា ហើយ​គណៈប្រតិភូ​រដ្ឋសភា​ហុងគ្រី ក៏​បាន​មក​ចូលរួម​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ កាលពី​ខែ​វិច្ឆិកា កន្លងទៅនេះ​។ នៅក្នុង​បរិបទ​នេះ លោកជំទាវ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​វិស័យ​ការទូត​សភា ដែល​នឹង​រួមចំណែក​នៅក្នុង​ការលើក​កម្ពស់​ទំនាក់ទំនងរ​វា​ង​ប្រទេស​ទាំង​ពីរ​។

​លោកជំទាវ​បាន​សម្តែង​នូវ​ក្តីជឿជាក់​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខណ្ឌ​ពហុភាគី​នានា​ផ្សេង​ទៀត ដូចជា រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប និង​កិច្ចសហប្រតិបត្តិកា​រអា​ស៊ី​-​អឺរ៉ុប (ASEM) ទំនាក់ទំនង​កម្ពុជា និង​ហុងគ្រី កាន់តែ​មាន​ភាពល្អប្រសើ​រ​ឡើង​។ ឆ្លៀត​ឱកាស​នោះ លោកជំទាវ បាន​ជម្រាបជូន សម្តេច​តេជោ អំពី​គម្រោង​បំពេញ​ព្រះរាជទស្សនកិច្ច​របស់​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ហុងគ្រី ក្នុង​ឆ្នាំ​២០២០​។ ក៏ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​អាក់ខាន​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ លោកជំទាវ បាន​គូសបញ្ជាក់ថា ភាគី​ហុងគ្រី​បាន​ត្រៀម​លក្ខណៈ​សហការ​ជួ​យ​ភាគី​កម្ពុជា នៅក្នុង​ដំណើរកា​របើក​ស្ថានទូត​របស់​ខ្លួន​ឡើងវិញ​នៅ​ទីក្រុង​ប៊ុយ​ដា​ប៉េស​។

​លោកជំទាវ ក៏​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី នា​ឱកាស​នោះ​។

​បន្ថែម​ពី​នេះ លោកជំទាវ​បាន​លើកឡើង​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ហុងគ្រី ដោយ​នៅ​ក្នុង​នោះ​ភាគី​ទាំងពីរ​បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ហុងគ្រី នៅ​ទីក្រុង​ប៊ុយ​ដា​ប៉េស នៅ​ឆ្នាំ​២០២៤ ដោយ​ផ្តោត​ទៅលើ​វិស័យ គ្រប់គ្រង​ធនធានទឹក កសិកម្ម និង​ការផ្តល់​គម្រោង​ឥណទាន​នានា ដូចជា​នៅក្នុង​វិស័យ​សន្តិសុខ​ស្បៀង​ជាដើម​។

​លោកជំទាវ​ក៏បាន​រំលេច​ផងដែរ​ថា ហុងគ្រី​បាន​ផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំ​ប្រមាណ​៣០​កន្លែង ប៉ុន្តែ​ពុំ​បាន​ប្រើប្រាស់​ឱ្យបាន​អស់​សក្តានុពល​នោះទេ​។ នៅក្នុង​ន័យ​នេះ លោកជំទាវ លើកទឹកចិត្ត​ជំរុញ​ឱ្យ​និស្សិត​កម្ពុជា​ចូលរួម​ដាក់ពាក្យ​យក​អាហារូបករណ៍​នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ស្ពាន​ត​ភ្ជាប់​ទំ នា ក់ ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​រវាង​ប្រជាជន​និង​ប្រជាជន​។ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម លោកជំទាវ​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា ភាគី​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​គ្នា ជាពិសេស​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម ឱ្យ​សម​ទៅ​នឹង​សក្តានុពល​ដែល​ប្រទេស​ទាំង​ពីរ​មាន​។

​នៅក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​វិញ លោកជំទាវ​បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​ហុងគ្រី​ទទួល​ស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការអភិវឌ្ឍ និង​លើកកម្ពស់​សិទ្ធិមនុស្ស និង​បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​គំរូ​មួយ​។ ម្យ៉ាងទៀត ការអនុម័ត​ធម្មនុញ្ញ​សន្តិភាព​សកល​សម្រាប់​ម​នុស្ស​ជាតិ និង​ភពផែនដី នៅក្នុង​កិច្ចប្រជុំ IPTP នៅ​កម្ពុជា ក៏​បាន​បង្ហាញ​អំពី​គោល​គំនិត​ដូច​គ្នា​រវាង​កម្ពុជា និង​ហុងគ្រី​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​លោកជំទាវ ចំពោះ​ការ​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ របស់​ឯកឧត្តម​ប្រធានរដ្ឋសភា​ហុងគ្រី និង​លើក​ឡើង​អំពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ ជាពិសេស ពាក្យពេចន៍​ដ៏​ល្អ​ប្រពៃ​របស់​លោកជំទាវ ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

​សម្តេច​បាន​គូសបញ្ជាក់​ដោយ​ក្តីរីករាយ​ថា វត្តមាន​របស់​គណៈប្រតិភូ​មកពី​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ហុងគ្រី​នាពេលនេះ បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​អំពី​កុងសង់ស៊ីស​របស់​ប្រទេស​ហុងគ្រី​លើ​ទំនាក់ទំនង​ជាមួយក​ម្ពុ​ជា ទោះបីជា​ប្រវត្តិ​នៃ​ទំនាក់ទំនង​នេះ​បាន​ឆ្លងកាត់​ដំណាក់កាល និង​របប​ខុសៗ​គ្នា​អស់​រយៈពេល​៦៩​ឆ្នាំ​ក៏​ដោយ​។ សម្តេច​បាន​បន្ថែមថា កម្ពុជា​មិន​ដែល​បំភ្លេច​នូវ​ការគាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​នានា ដែល​ហុងគ្រី បាន​ផ្តល់​ដល់​កម្ពុជា នៅក្នុង​ដំណើរ​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​នៅក្នុង​ដំណាក់កាល​ទាំងនោះ​ឡើយ​។ សម្តេច បាន​រំលឹក​អំពី​ប្រវត្តិ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ញឹក​ញ៉ាប់​របស់ សម្តេច ទៅ​ហុងគ្រី​ចាប់តាំងពី​ពេល​សម្តេច ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩​។ សម្តេច​បាន​ចង្អុលបង្ហាញ​ថា ទោះបី​ស្ថានភាព​កម្ពុជា​មាន​ការផ្លាស់​ប្តូរ ដូចជា​ការផ្ទេរអំណាច​របស់​សម្តេច ជូន​អ្នក​ដឹកនាំ​បន្តវេន​រាជរដ្ឋាភិបាលថ្ម៏ក៏ដោ​យ ក៏​ទំនាក់ទំនង​កម្ពុជា និង​ហុងគ្រី មិន​ផ្លាស់ប្តូរ​ដែរ​។ ជាមួយគ្នានេះ សម្តេច​តេជោ បាន​លើកឡើង​អំពី​ការធ្វើ​ទស្សនកិច្ច​របស់​សម្តេច​ចំនួន​ពីរ​លើក​នៅ​ប្រទេស​ហុងគ្រី និង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហុងគ្រី​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៩ ហើយ​សង្ឃឹមថា​នឹង​មាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បន្តទៀត ជាពិសេស​ព្រះរាជទស្សនកិច្ច​របស់​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា នៅ​ប្រទេស​ហុងគ្រី នាពេលខាងមុខ​។

​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី សម្តេច​បាន​លើកឡើង​ជា​អនុសាសន៍​ឱ្យ​ភាគី​ទាំង​ពីរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ជា​ស្នូល ដោយ​ភាគី​ទាំងពីរ​អាច​ស្វែងរក​ចំណុច​កិច្ចសហប្រតិបត្តិកា​រណា ដែល​ភាគី​ទាំងពីរ​អាច​សម្រេចបាន ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​សក្តានុពល​ដែលមាន​។ ទោះ​យ៉ាងនេះក្តី សម្តេច​បាន​លើក​បន្ថែមថា ភាគី​ទាំងពីរ​ក៏​ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ ផងដែរ ដូចជា វិស័យ​វប្បធម៌ និង​ជា​ពិសេស អប់រំ​។ នៅក្នុង​បរិបទ​នេះ សម្តេច​បាន​អំពាវនាវ​ឱ្យ​ភាគី​ហុងគ្រី បន្ត ជួយ​គាំទ្រ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តោត​ការយកចិត្តទុកដាក់ តាំងពី​ពេល​សម្តេច ជា​ប្រមុខ​រាជរដ្ឋាភិបាល​។ នៅក្នុង​ក្របខណ្ឌ​នីតិប្បញ្ញត្តិ សម្តេច​តេជោ បាន​ជម្រាបជូន​លោកជំទាវ​អំពី​ការផ្តោត​អាទិភាព​របស់​ព្រឹទ្ធសភា​កម្ពុជា ទៅលើ​វិស័យ​ចំនួន​២ ដែល​នោះ​គឺ ការលើកកម្ពស់​ការទូត​សភា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​កិច្ចការ​ការបរទេស នៅក្នុង​បរិបទ​ដែល​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​តំបន់​និង​ពិភពលោក​មាន​ភាព​តានតឹង និង ស្មុគស្មាញ និង​ការធ្វើ​គណនេយ្យភាព​ចំពោះ​អង្គ​បោះឆ្នោត ដើម្បី​សមាជិក​ព្រឹទ្ធសភា​សហការ​ជា​មួយ​អង្គ​បោះឆ្នោត​ផ្សាភ្ជាប់ និង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។ ក្នុង​ស្មារតី​លើកកម្ពស់​ការទូត​សភា សម្តេច បាន​សម្តែង​នូវ​បំណងប្រាថ្នា​ឱ្យមាន​ការបង្កើត​ក្រុម​មិត្តភាព​រវាង​ព្រឹទ្ធសភា​កម្ពុជា និង​រដ្ឋសភា​ហុងគ្រី​ផងដែរ​។

​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស សម្តេច​បាន​ថ្លែងអំណរគុណ​ហុងគ្រី​ដែល​បាន​គ្រាំទ្រ​ធម្មនុញ្ញ​សន្តិភាព​សកល​សម្រាប់​ម​នុស្ស​ជាតិ និង​ភពផែនដី ហើយ​សម្តេច​បាន​គូសបញ្ជាក់ថា តើ​យើង​អាច​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បាន​ដែរឬទេ នៅ​ពេល​ប្រទេស​មាន​សង្គ្រាម ដែល​សិទ្ធិ​រស់រាន​មានជីវិត​ក៏​គ្មាន​ដែរ ដូច​ស្តែង​ឱ្យ​ឃើញ​នៅ​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​នានា រួម​ទាំង​អឺរ៉ុប​ផងដែរ​។ ក្រៅពីនេះ សម្តេច​តេជោ បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​អំពី​ស្ថានភាព​និង​បញ្ហា​តំបន់ និង​អន្តរជាតិ និង​គោលនយោបាយ​របស់​ប្រទេស​មហាអំណាច​ផងដែរ​។​

​ជា​ចុងក្រោយ​នៃ​ជំនួប សម្តេច​តេជោ បាន​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ តាមរយៈ​លោក​ជំទាវ​អនុប្រធាន​ទី​១ រដ្ឋសភា​ហុងគ្រី ជូន​ចំពោះ​ឯកឧត្តម​ប្រធានរដ្ឋសភា ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ហុងគ្រី ផងដែរ​។ សម្តេច​តេជោ បាន​ជូនពរ​លោក​ជំទាវ Marta Martrai និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​ការងា​រ​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com