ខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។ សម្តេចមហាបវរធិបតី បានថ្លែង “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ។
ជាមួយគ្នានេះ កំពង់ផែនេះ មិនត្រឹមជាផែទេសចរណ៍នោះទេ គឺជាផែចម្លង បង្កើតទេសចរណ៍បន្ថែមសម្រាប់អ្នកខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានផង និងជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍តភ្ជាប់ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្ត្រ និងប្រភេទហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា គឺជាសមិទ្ធផលដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់មូលដ្ឋាន។ យើងនឹងបន្តចេញទៅសម្ពោធសមិទ្ធផល ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាសវិជ្ជមានពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
បន្ថែមពីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរៀបចំតុបតែង ការពារ និងបង្កលក្ខណៈអំណោយផលដល់ការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់ក្រុមការងារដែលបានរៀបចំតុបតែង និង បង្កលក្ខណៈសប្បាយរីករាយ, ព្រមទាំង ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានថែរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់ តាមរយៈការសាមគ្គីគ្នា និងស្រលាញ់គ្នា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី។ មួយវិញទៀត សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំការដឹកជញ្ជូនបងប្អូនទៅស្រុកកំណើតទាំងទៅទាំងមក សរុបជា ២៥៥៦ ជើង ដោយដឹកបានប្រមាណជិត ១០ម៉ឺននាក់ ជាមួយការសន្សំថវិកាបានជាង ១.៧ លានដុល្លារ។ ក្នុងនេះផងដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្ត ពិសេសបងប្អូនប្រជាជនយើង ដែលបានផ្តល់ការគោរព និងការយោគយល់គ្នា លេងសប្បាយប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ខ្ពស់ ប្រកបដោយភាពចាស់ទុំ និងបង្កើតបានស្មារតីស្នេហាជាតិ ព្រោះថាបុណ្យចូលឆ្នាំ គឺជាការអបអរសាទរបែបវប្បធម៌ ប្រពៃណី និងការកំសាន្តល្បែងប្រជាប្រិយ យើងគិតវិជ្ជមាន ធ្វើវិជ្ជមាន ផ្សព្វផ្សាយវិជ្ជមាន ហ្នឹងហើយ យើងរួមគ្នាដើម្បីប្រទេសជាតិរបស់យើង។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានឆ្លៀតគូសបញ្ជាក់អំពីការលើកឡើងកន្លងទៅពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ី ជីនពីង កាលពីថ្ងៃ១៧-១៨ ខែមេសា, អំពីជំហរនយោបាយរបស់កម្ពុជា ដែលយកប្រទេសជាមិត្ត គ្រប់គ្នា ស្មើសិទ្ធិ ស្មើមុខស្មើមាត់ និងមិនយកប្រទេសណា ចោលប្រទេសណានោះទេ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺជាការបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និង កាន់តែរឹងមាំ ហើយបានវិវត្តក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ និងគ្រប់រដូវកាល។
កម្ពុជាប្រកាន់គោលជំហរច្បាស់លាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រប់ប្រទេស សំដៅបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅអ្នកនយោបាយមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវ “គុណធម៌, សីលធម៌, សច្ចធម៌ និងជំហររឹងមាំច្បាស់លាស់” សម្រាប់ធ្វើនយោបាយ ហើយរួមគ្នាគិតវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយវិជ្ជមានអំពីកម្ពុជា ។
សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសាងសង់នៅលើផ្ទៃដី ៤,២៥ហិកតា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ រួមមានផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការ ។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងរួមចំណែតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង៤ជាប់សមុទ្រ ក៏ដូចជាតភ្ជាប់ជាមួយបណ្ដាកំពង់ផែទេសចរណ៍នៃប្រទេសជិតខាង និងក្នុងតំបន់ ។ រាជរដ្ឋាភិបាលបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពប្រទាក់ក្រឡាទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕