កំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការឃាត់រថយន្តមួយគ្រឿងដឹកប្រមូលផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ក្នុងការឃាត់រថយន្តនេះក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ក្នុងប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់ការប្រមូលផលអនុផលព្រៃឈើគ្មានច្បាប់ ដឹកនាំដោយលោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយនឹងកងរាជអាវុធហត្ថខេត្តកំពង់ធំជាច្រើនរូប នៅចំណុចផ្លូវលំ ក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នាយប់ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១ ។
លោក សាយ វាសនា ព្រះរាជអាជ្ញារង បានឲ្យដឹងថានេះគឺជាបទល្មើសជាក់ស្ដែងដែលក្រុមឈ្មួញធ្វើការដឹកប្រមូលផលអនុផលព្រៃឈើដោយគ្មានច្បាប់បានធ្វើចរាចរណ៍តាមផ្លូវសាធារណៈ យើងក៏បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញចុះធ្វើការឃាត់ ប្រមូលយកវត្ថុតាងមួយចំនួនយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
លោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើបានអោយដឹងថា ការដឹកជញ្ជូនផលអនុផលព្រៃឈើនេះ វាស្ថិតនៅមាត្រា ៩៦ ចំណែកចំនួនកំណត់ឈើយើងមិនទាន់បានរាប់នៅឡើយទេ ។លោកបន្ដថា ករណីនេះយើងត្រូវពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើ ជាទឹកប្រាក់ ពីពីរទីបីដង នៃតម្លៃវត្ថុតាង ឬអាចបញ្ជូនទៅការសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។ ចំណែករថយន្តគ្មានស្លាកលេខនោះ យើងទុកអោយខាងជំនាញជាអ្នកចាត់ចែងនិតិវិធីច្បាប់បន្ថែមទៀត ។
ឯម្ចាស់ឈើឈ្មោះ ធៀប ធួក អាយុ ៤៦ឆ្នាំ រស់នៅភូមិពពេច ឃុំចុងដួង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើករថយន្តលុច្សស៊ីសRX 300 ពាក់ស្លាក ព្រះសីហនុ 2A-0198 សំរាប់បិតពីមុខរថយន្ត ចំណែកតៃកុងបើករថយន្តដឹកផលអនុផលព្រៃឈើត្រូវជាកូន ឈ្មោះ ហេង បូរ៉ា អាយុជាង២០ឆ្នាំ ក្រោយឃើញហេតុការណ៍មិនស្រួល តៃកុងរថយន្តខាងលើនេះបាននាំគ្នាបើកទ្វាររថយន្តរត់គេចចូលព្រៃបាត់ស្រមោល ។
បច្ចុប្បន្នរថយន្ត និងវត្ថុតាងទាំងអស់ ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើតាំងក្រសាំង រង់ចាំម្ចាស់មកដោះស្រាយតាមនិតិវិធីច្បាប់ ៕