ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណអភិបាលខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយសម្បុរសធម៌មកចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន១៥គ្រួសារនៅក្នុងបរិវេនសាលាសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួនជាង២០នាក់។
នៅក្នុងកម្មវិធីនោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណអភិបាលខណ្ឌមានជ័យបានថ្លែងថា ថ្មីៗនេះមានបងប្អូនពលករចំណាកស្រុកជាង៤មុឺននាក់មកពីប្រទេសផ្សេងៗបានទើបមកដល់ប្រទេសកម្ពុជាក៏ដោយក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងបុិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំពុងតែយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់នៃការរីករាលដាល់នៃជំងឺកូវិដ១៩ ដោយអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ តាមដានយ៉ាងមុឺងម៉ាត់ និងអប់រំផ្សព្វផ្សាយដល់ពួកគាត់ឲ្យយល់ដឹងពីវិធីការបង្ការ ការពារខ្លួនពីការឆ្លងវីរុសកូវិដ១៩។ជាពិសេសក្រុមគ្រូពេទ្យជំនាញរួមទាំងអាជ្ញាធរចុះវាស់ស្ទង់កម្ដៅ និងយកសំណាកឬកំហាករបស់ពួកគាត់យកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ និងបានដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃដើម្បីតាមដានពីសុខភាពរបស់ពួកគាត់ផងដែរ។
លោកអភិបាលរងបានថ្លែងបន្តថា ទោះបីជាប្រទេសកម្ពុជាកំពុងតែកើតមានការឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះយ៉ាងណាក៏ដោយ ប៉ុន្តែការអភិវឌ្ឍនិងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកខិតខំណាស់ដើម្បីរិះរកគ្រប់មធ្យោបាយដោយសហការជាមួយក្រសួងសុខាភិបាលដើម្បីទប់ស្កាត់និងព្យាបាលជំងឺទាំងអស់ដែលកើតមានលើបងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។លោកបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាធ្វើការព្យាបាលជំងឺកូវិដ១៩នេះមិនទាមទារឲ្យបង់ថ្លៃនោះទេ។
នាឱកាសនោះដែរលោក ឌី រ័ត្នខេមរុណ បានថ្លែងយ៉ាងដូច្នេះទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានអំពាវនាវឲ្យមន្ត្រីទាំង២៥រាជធានី-ខេត្តត្រូវចុះទៅដោយផ្ទាល់តាមមូលដ្ឋានជាពិសេសដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមនឹងជំងឺកូវិដ១៩នេះនិងប្រជាពលរដ្ឋដែលកំពុងខ្វះខាត ដោយនាំយកសម្ភារៈនិងស្បៀងជូនពួកគាត់។លោកថ្លែងបន្តថា ជាក់ស្តែងដូចនៅពេលនេះ សូមបងប្អូនកុំមានការភ័យខ្លាច តក់ស្លុត រហូតដល់បាត់បង់ម្ចាស់ការលើខ្លួនឯងដែលអាចឈោងចាប់ឬធ្វើការប្រកបរបររកទទួលទានលែងកើត ព្រោះថាជំងឺកូវិង១៩នេះ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលរួមទាំងអាជ្ញាធរបានចេញមុខទប់ស្កាត់និងព្យាបាលហើយ តែទោះបីជាយ៉ាងនេះក៏ដោយក៏បងប្អូនត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ត្រូវចេះលាងដៃឲ្យបានស្អាតជសមួយ សាប៊ូ អាល់កុល ឬចែលអនាម័យ ពាក់ម៉ាស់ ឬក្រម៉ា និងត្រូវនៅឲ្យឆ្ងាយពីគ្នាចាប់ពី១ម៉ែត្រ ឬកុំបង្កើតកម្មវិធីជួបជុំគ្នាក្នុងកំឡុងពេលនៃការកំពុងកកើតនៃជំងឺកូវិដ១៩នេះ ដែលសកម្មភាពទាំងនេះត្រូវបានក្រសួងសុខាភិបាលបានអប់រំផ្សព្វផ្សាយជាប្រចាំហើយ។
ជាថ្មីម្ដងទៀតលោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យនិងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបានថ្លែងយ៉ាងដូច្នេះថាទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា,ទីណាមានសំណូមពរ ទីនោះមានរាជរដ្ឋាភិបាល អាជ្ញាធរចាំជួយដោះស្រាយជូន ពុកម៉ែ បងប្អូន លោកតា លោកយាយ និងប្រជាពលរដ្ឋ និងបាននាំយកអំណោយសប្បុរសធម៌មកចែកជូនលោកតា លោកយាយ ពូមីង និងបងប្អូននៅថ្ងៃនេះរួមមាន៖ អង្ករ៣០គីឡូ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាម្នាក់ៗចំនួន២ម៉ឺនរៀល៕