ទាន់ហេតុការណ៍
ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ជាង ១​ម៉ឺន ៥​ពាន់​នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ជាង ១​ម៉ឺន ៥​ពាន់​នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ ១៥,១៩៤​នាក់​។ ក្នុងនោះ​មាន​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន ៤៨២​នាក់​។ កិច្ច​សំណេះសំណាល​ធ្វើឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេ​ម​បូឌា ចេជាង ហ្គ័​រ​ជី អេស​អ៉ី​ហ្សេ​ត ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម​បណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត​ដែល​ចូលរួម​ក្នុង​ពិធី​នេះ មកពី​រោងចក្រ សហគ្រាស​ចំនួន​៣០ រួមមាន​៖ រោងចក្រ​ផលិត​គ្រឿងសង្ហារិម​ចំនួន​១១, កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៤, ផលិត​សម្ភារៈ​សត្វ​ចំនួន​២, ផលិត​កេស​កា​តុង​ចំនួន​២, ផលិត​ចំណី​សត្វ​ចំនួន​២, ផលិត​ថ្ម​ម៉ាប​ចំនួន​១, កែច្នៃ​ស្បែក​ចំនួន​១, ផលិត​សម្ភារៈ​ការិយាល័យ​ចំនួន​១, ដេរ​ស្បែកជើង​ចំនួន​១, ផលិត​ស្បែកជើង កាបូប និង​ខ្សែក្រវាត់​ចំនួន​១, ជ្រលក់​ក្រណាត់​ចំនួន​១, ផលិត​អេ​ប៉ុង​ចំនួន​១, និង​រោងចក្រ​កែច្នៃ​ផលិតផល​ជ័រ និង​គ្រឿង​ប្លា​ស្ទិក​ចំនួន​១​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេ​ម​បូឌា ចេជាង ហ្គ័​រ​ជី មាន​ផ្ទៃដី​ប្រមាណ ១៣០​ហិកតា ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១៩ ជាមួយ​ទុន​វិនិយោគ​ជាង ២៤៥​លាន​ដុល្លារ​អាមេរិក​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ វិនិយោគ​ដោយ​លោក ជូ ចាង​ជី​ង ជនជាតិ​ចិន​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាង មាន​រោងចក្រ សហគ្រាស​ចំនួន​២៤ មាន​កម្មករ និយោជិត​សរុប​ប្រមាណ ៨,០៨៥​នាក់​។ ផលិតផល​ដែល​ផលិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ មានដូចជា​អាវ​សម្រាប់​សត្វ​ចិញ្ចឹម និង​ប្រឡៅ ស្រោម​សា​ឡុង សម្លៀក​បំពាក់​ពេទ្យ និង​បរិក្ខារ​ពេទ្យ ថ្ម​ម៉ាប គ្រឿងសង្ហារិម សា​ឡុង តុទូ​ផ្ទះបាយ ថង់ប្លាស្ទិក សំបក​កេស​កា​តុង ចំណី​សត្វ​ចិញ្ចឹម អេ​ប៉ុង កែច្នៃ​ស្បែក​សម្រាប់​ផលិត​ជា​ចំណី​សត្វ​ចិញ្ចឹម និង​សម្ភារៈ​ការិយាល័យ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នា​ថ្ងៃនេះ​។ សម្តេច​ធិបតី​បាន​ពាំនាំ​យក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹ​ករបស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​កម្មករ និយោជិត​ទាំងអស់​ផងដែរ​។ សម្តេច​បន្តថា ដំណើរ​ចុះ​ជួប​កម្មករ និយោជិត​នឿយ​កាយ តែ​មិន​នឿយ​ចិត្ត​នោះទេ ពី​ព្រោះ​បាន​ស្វែងយល់​ពី​សុខទុក្ខ​កម្មករ ការិនី​យើង​ដោយផ្ទាល់​។

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លទ្ធផល​ឆ្នោត​ជាង ៨៦​ភាគរយ ដែល​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ បង្ហាញ​ការជឿជាក់​របស់​ប្រជាពលរដ្ឋ​លើ​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​។​សម្តេច​ធិបតី បាន​ថ្លែងថា ប្រាក់ចំណូល​បច្ចុប្បន្ន​មិន​ទាន់​គ្រប់គ្រាន់​ទេ សម្រាប់​កម្មករ និយោជិត តែ​ប្រាក់​ចំណូល​នេះ​បើ​ធៀប​នឹង​អតីតកាល គឺ​មាន​ភាព​ប្រសើរ​ច្រើន​ហើយ​។​សម្តេច​ធិបតី​បាន​ថ្លែងថា ទសវត្សរ៍​៨០ និង​៩០ កម្ពុជា​នាំ​ពី​ក្រៅ​គ្រប់បែប​យ៉ាង​សម្រាប់​ការហូបចុក និង​ប្រើប្រាស់ តែ​បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​សម្រាប់​ហូប និង​ប្រើប្រាស់​ខ្លួនឯង ហើយ​បាន​លក់​ចេញ​ទៅ​ក្រៅប្រទេស​ថែម​ទៀត​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​ពន្លឿន​ការចែក​បណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។ បច្ចុប្បន្ន​ចែក​បាន ២​លាន​ក្បាលដី សល់​ប្រមាណ ៥​លាន​ក្បាលដី​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា ធម្មជាតិ​ខេត្ត​ព្រះសីហនុ​ល្អ​ខ្លាំងណាស់ ប្រៀប​ដូចជា​គ្រាប់ពេជ្រ តែ​ត្រូវ​មាន​ការកែច្នៃ ដើម្បី​បាន​ជា​ប្រយោជន៍​បាន​ច្រើន​ទៀត​។ ដើម្បី​មាន​ឱកាស​កែច្នៃ​គ្រាប់ពេជ្រ​ឱ្យបាន​ជា​ប្រយោជន៍ ត្រូវ​ទាមទារ​ចាំបាច់​នូវ​កត្តា​សុខ​សន្ត្តិភាព​។​បើ​មាន​សង្គ្រាម គ្មាន​ឱកាស​កែប្រែ​ធម្មជាតិ ទៅ​ជា​សក្តានុពល​នោះឡើយ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ទៅ​បំពាក់ ETC សម្រាប់​ធ្វើដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ងាយស្រួល ដែល​ពេល​នេះ​ក្រុមហ៊ុន​បន្ត​ពន្យារពេល​មិន​យក​ថ្លៃ​សម្រាប់​ការចុះ​ឈ្មោះ​យក​កាត ហើយ​ថ្ងៃនេះ​ក៏​ជា​ខួប​១​ឆ្នាំ​នៃ​ការដាក់​អោយ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ផងដែរ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សាទរ និង​រីករាយ ចំពោះ​ការចាប់ផ្តើម​ដំណើរការ​ការដ្ឋាន​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ដំណាក់កាល​ទី​១ មុន​ដាច់​ឆ្នាំ​២០២៣​។ សម្តេច​ធិបតី ក៏​បាន​ប្រកាស​ដាក់​ចេញ​មហិច្ឆតា​ប្រែក្លាយ​កំពង់ផែ​ព្រះសីហនុ ជា​កន្លែង​ផ្ទេរ​ទំនិញ​ដ៏​សំខាន់​របស់​កម្ពុជា​។ រាជរដ្ឋាភិបាល​កំពុង​ដាក់ចេញ​ផែនការមេ អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាប់​សមុទ្រ ដោយ​មិន​យក​ខេត្ត​ជាប់​សមុទ្រ​ដទៃ មក​ប្រកួតប្រជែង​ជាមួយ​ខេត្ត​ព្រះសីហនុ​នោះឡើយ​។
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ប្រគល់​ភារកិច្ច​នេះ​ជូន​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរ​ពី​ការអភិវឌ្ឍន៍​ផែ​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។​សម្តេច​បាន​ថ្លែងថា ដើម្បី​ទាក់ទាញ​ទេសចរណ៍​ចូល​ខេត្ត​ព្រះសីហនុ ត្រូវ​ភ្ជាប់​ជើងហោះហើរ​ជាមួយ​តំបន់​ទេសចរណ៍​ល្បីៗ​ក្នុង​តំបន់​។​សម្តេច​ធិបតី​បានបង្ហាញ​ក្តី​រំពឹងថា ៥ ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត ខេត្ត​ព្រះសីហនុ ប្រែក្លាយ​ទៅ​ជា​ខេត្ត ដែល​ប្រជាពលរដ្ឋ​មាន​ចំណូល​ខ្ពស់ ហើយ​ដរាបណា​បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ដឹកនាំ​ប្រទេស ខេត្ត​ព្រះសីហនុ នឹង​ទទួលបាន​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ពេល​សម្តេច​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន មាន​មតិ​មហាជន​មួយចំនួន​បាន​សួរនាំ​អំពី​ភាពយន្ត​ចិន​មួយ ដែល​និយាយ​ពី​ស្ថានភាព​មិន​ល្អ​នៅ​ស្រុក​ខ្មែរ ជា​ពិសេស​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ត្រូវបាន​អ្នកវិនិយោគទុន​របស់​ចិន ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា បាន​ថ្លែង​បកស្រាយ​ថា​នៅ​ទីនោះ គឺ​កម្ពុជា មិន​ដូច​ក្នុង​រឿងភាពយន្ត​នោះទេ មាន​ស្ថានភាព និង​សន្តិសុខ​ល្អ​ណាស់​។​

​សម្តេច​ធិបតី ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកវិនិយោគ​ទុន​របស់​ចិន ដែល​បាន​ជួយ​ពន្យល់ និង​បកស្រាយ​យ៉ាង​ល្អ​ចំពោះ​មតិ​មហាជន​លើកឡើង​ពាក់ព័ន្ធ រឿងភាពយន្ត​ចិន (No more Bet) និង​សូម​អរគុណ​ចំពោះ​ការវិនិយោគទុន​នៅ​កម្ពុជា សូម​បន្ត​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​បន្ថែមទៀត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com