ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រតិភូ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​កិច្ចការ​អាស៊ាន និង អាស៊ី​បូព៌ា (ERIA) ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​តេត​ស៊ូ​យ៉ា វ៉ា​តា​ណា​បេ (Tetsuya Watanabe) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូ​ព៌ា​(ERIA) ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រតិភូ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​កិច្ចការ​អាស៊ាន និង អាស៊ី​បូព៌ា (ERIA) ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​តេត​ស៊ូ​យ៉ា វ៉ា​តា​ណា​បេ (Tetsuya Watanabe) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូ​ព៌ា​(ERIA) ចូលជួប​សម្ដែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​បានអនុញ្ញាត​ឱ្យ លោក​សាស្ត្រាចារ្យ Tetsuya Watanabe ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូ​ព៌ា (ERIA) និង​សហការី ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​លោក​សាស្ត្រាចារ្យ Tetsuya Watanabe និង​សហការី ដែល​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​អំពី​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេជោ នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ជាពិសេស កា​រៀបចំ​បាឋកថា​គន្លឹះ​ស្តីពី​ភាពជា​អ្នកដឹកនាំ នៅ​វិទ្យាស្ថាន ERIA​។ ជាមួយគ្នានេះ នៅ​ដំណើរ​ទស្សនកិច្ច​ខាងមុខនេះ សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​នឹង​ជួប ឯកឧត្តម​ប្រធានាធិបតី ឥណ្ឌូនេស៊ី Prabowo Subianto ដែល​ជា​មិត្ត​ចាស់ និង ទស្សនា​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។ សម្តេច​តេជោ បាន​អបអរសាទរ សាលា​សិក្សា​ស្តី​ពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថាន ERIA ដែល​ទើប​សម្ពោធ​កាលពី​ពេល​ថ្មីៗ ក្នុង​ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី និង សង្ឃឹម​ថា​សាលា​សិក្សា​ស្តី​ពី​រដ្ឋាភិបាល​នេះ នឹង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ដើម្បី​ជំរុញ​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ នៅក្នុង​តំបន់​អាស៊ាន​។​

​នា​ឱកាស​ជំនួប​នេះ លោក​សាស្ត្រាចារ្យ Tetsuya Watanabe បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេជោ ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មានតម្លៃ​ទទួល​ជួប​ជាមួយ​លោក និង​សហការី ជាពិសេស ការទទួលយក​ការអញ្ជើញ​របស់​វិទ្យាស្ថាន ERIA ក្នុងការ​ថ្លែង​បាឋកថា​ពិសេស ស្តី​ពី​បទ​ពិសោធន៍​របស់​សម្តេច​ផ្ទាល់ អំពី​ដំណើរ​ស្វែងរក​សន្តិភាព ការឯកភាព​ទឹកដី និង​ការអភិវឌ្ឍ​កម្ពុជា​។ លោក​សាស្ត្រាចារ្យ Tetsuya Watanabe បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ពី​ពេល​សម្តេច​តេជោ​នៅ​ជា​នាយករដ្ឋមន្ត្រី ចាប់តាំងពី​ដំណាក់កាល​ផ្តួចផ្តើម​បង្កើត​វិទ្យាស្ថាន​នៅ​ឆ្នាំ​២០០៧ និង​ដំណើរការ​រហូត​មកដល់​ពេលនេះ​។

​លោក​សាស្ត្រាចារ្យ Tetsuya Watanabe បាន​បន្តថា ក្នុងនាម​ជា​អ្នក​បន្តវេន​ពី​លោក​សាស្ត្រាចារ្យ Hidetoshi Nishimura, លោក​កំពុង​ធ្វើ​ការងារ​យ៉ាង​ជិតស្និត​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​បាន​ពិភាក្សា​ភាពជា​ដៃគូ​រវាង​វិទ្យាស្ថាន ERIA និង​កម្ពុជា លើ​កិច្ចការ​ស្រាវជ្រាវ និង​សហប្រតិបត្តិការ​លើ​វិស័យ​នានា រួមមាន ធនធានមនុស្ស សេដ្ឋកិច្ច ឧស្សហ​កម្ម ថាមពល បច្ចេកវិទ្យា និង​នវានុវត្តន៍​….​។ លោក​សាស្ត្រាចា្យ ក៏​បាន​សហការ​ជាមួយ ឯកឧត្តម​បណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការ​អាស៊ាន ដើម្បី​ជំរុញ​សមាហរណកម្ម សេដ្ឋ កិច្ច អាស៊ាន ជាពិសេស​តួនាទី​របស់​សាលា​សិក្សា​អំពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថាន ERIA ដើម្បី​ជំរុញ និង​ចែករំលែក​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ឱ្យបាន​ល្អ​ប្រសើរ​នៅ​ក្នុង​អាស៊ាន និង​តំបន់​អាស៊ីអាគ្នេយ៍ ដល់​ថ្នាក់ដឹកនាំ​វ័យក្មេង​។

​នា​ឱកាស​ជំនួប​នេះដែរ លោក​សាស្ត្រាចារ្យ Nobuhiro Aizawa ព្រឹទ្ធបុរស និង​ជា​ប្រធាន​សាលា​សិក្សា​អំពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថាន ERIA បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​មិនអាច​ខ្វះ​បាន ដែល​ពិភពលោក​គួរ​រៀនសូត្រ​ពី​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្តេច​តេជោ ដែល​ត្រូវបាន​អនុវត្ត​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ផងដែរ​។ លោក​សាស្ត្រាចារ្យ ក៏​បាន​គូសបញ្ជាក់ថា កិច្ចការ​ជាច្រើន​ដែល​សម្តេច​តេជោ​បានធ្វើ និង​សម្រេចបាន​មិនទាន់​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ និង​ទាញ​យក​បទពិសោធ​ដ៏​មាន​តម្លៃ​នេះ គ្រប់គ្រាន់​នៅឡើយ​។​លោក​សាស្ត្រាចារ្យ បាន​បន្តថា លោក ចង់​ឱ្យ​អាស៊ាន និង​តំបន់​អាស៊ីអាគ្នេយ៍​បាន​ស្តាប់​អំពី​កិច្ចការ​ដែល​សម្តេច​តេជោ​សម្រេចបាន​នៅ​កម្ពុជា និង​ជាមួយ​ដៃគូ​នានា រួមទាំង​ប្រទេស​ជិតខាង​ក្នុង​ការកសាង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច និង​អនាគត​របស់​កម្ពុជា និង​តំបន់​។ លោក​សាស្ត្រាចារ្យ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បាឋកថា​គន្លឹះ របស់​សម្តេច​តេ​ជា ថា​នឹង​ជួយ​ឱ្យ​អ្នកជំនាន់ក្រោយ សិក្សា​រៀនសូត្រ​កាន់តែ​ស៊ីជម្រៅ​អំពី​អាស៊ាន និង​ថ្នាក់ដឹកនាំ​កំពូល​របស់​អាស៊ាន តួយ៉ាង សម្តេច​តេជោ​។

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ បាន​អរគុណ លោក​សាស្ត្រាចារ្យ Tetsuya Watanabe និង លោក​សាស្ត្រាចារ្យ Nobuhiro Aizawa ចំពោះ​ពាក្យពេចន៍ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​បទពិសោធ និង​តួនាទី​សម្តេច​តេជោ ក្នុង​ការកសាង​សន្តិភាព​នៅ​កម្ពុជា និង​តំបន់​។ សម្តេច​តេជោ បានកត់សម្គាល់​អំពី​តួនាទី​និង​សារៈសំខាន់​នៃ​វិទ្យាស្ថាន ERIA ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​ការរៀបចំ​វេទិកា​សេដ្ឋកិច្ច​តំបន់ ដោយ​មាន​ការចូលរួម​ពី​ប្រទេស​អាស៊ី​បូព៌ា ប្រទេស​សេដ្ឋកិច្ច​ធំ និង​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ​។ សម្តេច​តេជោ បាន​បន្តថា ការរៀបចំ​វេទិកា​ក្នុង​ទម្រ​ងង់​ពី​តូច​ទៅ​ធំ​របៀបនេះ ជា​ជំហាន​យុទ្ធសាស្ត្រ​ដែល​វិទ្យាស្ថាន ERIA គួរ​គិតគូរ​។

​សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច​រីករាយ​នឹង​ចែករំលែក​នូវ បទពិសោធ​គន្លឹះ​ជាច្រើន​ដែល សម្តេច មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការចែករំលែក​ក្នុង​វេទិកា​នានា ក្នុង​ពេល​កន្លង​ទៅ​។ សម្តេច បាន​លើកឡើង​ថា បទពិសោធ​របស់ សម្តេច ក្នុង​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា តាមរយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដោយ​មិន​ប្រើ​គ្រាប់កាំភ្លើង​សូម្បី​មួយ​គ្រាប់ ប្រហែលជា​គ្មាន​ទេ​នៅលើ​ពិភពលោក​។ សម្តេច​តេជោ ក៏​បាន​រំឭក​អំពី​ការ​យក​ជីវិត​ទៅ​ប្តូរ​នឹង​ការទទួល​បាន​សន្តិភាព​ទាំងមូល​នៅ​កម្ពុជា​សម្រាប់​រយៈពេល​វែង​នេះ​។ សម្តេច​តេជោ គូសបញ្ជាក់ថា រយៈកាល ២៦​ឆ្នាំ​កន្លងមកនេះ កម្ពុជា​កសាង​និង រក្សា​បាន​សន្តិភាព ដែល​ជា​សន្តិភាព​វែង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ៥០០​ឆ្នាំ​ចុងក្រោយ​របស់​កម្ពុជា​។ សម្តេច​តេជោ បាន​បន្ថែមថា ក្រោយពី​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​ទាំងស្រុង សម្តេច​បាន​ដាក់ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ឱ្យទៅ​ជា​ទីផ្សារ​និង​តំបន់​អភិវឌ្ឍ និង​ការ​ប្រែក្លាយ​តំបន់​តាម​ព្រំដែន​ជា​តំបន់​កិច្ចសហប្រតិបត្តិការ​ល្អ​។ សម្តេច​តេជោ ក៏​បាន​ថ្លែងថា​គោលដៅ​យុទ្ធសាស្ត្រ​ទាំងពីរ​នេះ សម្តេច សម្រេច​បាន​ជាង ៩០% រួច​ហើយ​មក​ទល់​នឹង​ពេលនេះ ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ប្រទេស​ជិតខាង​យើង​ក៏​បាន​កើនឡើង​ជា​លំដាប់​។ សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា ទាំងនេះ គឺជា​ទ្រឹស្តី និង​យុទ្ធសាស្ត្រ​របស់ សម្តេច ផ្ទាល់​ដែល​នៅ​កម្ពុជា គេ​ស្គាល់​ថា​ជា “​ទ្រឹស្តី និង​យុទ្ធសាស្ត្រ ហ៊ុន សែន​”​។​

​សម្តេច​តេជោ បាន​រំឭក​ផងដែរ​ពី​មូលហេតុ​ដែល​សម្តេច ត្រូវ​តែ​ដឹកនាំ​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​។ សម្តេច​តេជោ បន្ត​បញ្ជាក់ថា ប្រទេស​សមាជិក​អាស៊ាន​មាន​វប្បធម៌​ប្រហាក់ប្រហែល​គ្នា ដែល​នេះ​ជា​កាលានុវត្តភាព​ក្នុង​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​រវាង​គ្នា និង​រវាង​អាស៊ាន​ជាមួយ​ដៃគូ​ផ្សេងៗ​ទៀត តាមរយៈ កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​សេរី កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ជាដើម​។ សម្តេច​តេជោ ក៏​បាន​បន្តថា យើង​មិន​អាច​ធៀប​ខ្លួន​ជាមួយ​នឹង​តំបន់​ណាមួយ​ទេ គួរ​សំលឹង​មើល​អាស៊ាន​ខ្លួនឯង តាម​បែប​ប្រាកដនិយម និង​សិក្សា​ពី​ខ្លួនឯង និង​អ្នកជិតខាង​ឱ្យបាន​ម៉ត់ចត់ ដោយ “​យើង​មិន​អាច​រត់​រក​ឡានទឹក​ឆ្ងាយ នៅពេល​ភ្លើង​ឆេះ​ផ្ទះ​នោះទេ​”​។

​លោក​សាស្ត្រាចារ្យ Tetsuya Watanabe បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ជាទី​បំផុត​ដោយ​បាន​សិក្សា​រៀនសូត្រ​បាន​ច្រើន​នា​ឱកាស​ជំនួប​នេះ និង​ថ្លែង​ថា បាឋកថា​របស់​សម្តេច​តេជោ នៅ​វិទ្យាស្ថាន ERIA នាពេល​ខាងមុខ​នេះ គឺជា​ប្រវត្តិសាស្ត្រ ដើម្បី​អាច​ឱ្យ​តំបន់​បាន​សិក្សា​រៀនសូត្រ​បន្ថែម​។ តាមរយៈ​បាឋកថា​នេះ លោក​សាស្ត្រាចារ្យ យល់ថា ប្រទេស​ជា​សមាជិក​អាស៊ាន ប្រទេស​នានា​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់ នឹង​បាន​ស្តាប់​ឮ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ច​ផ្តួចផ្តើម របស់​កម្ពុជា​ក្នុង​ការកសាង និង​រក្សា​បាន​សន្តិភាព​ក្នុងប្រទេស ក៏ដូចជា​តំបន់ និង​ពិភពលោក​។​

​ជា​ចុងក្រោយ​នៃ​ជំនួប សម្តេច​តេជោ បាន​ជូនពរ លោក​សាស្ត្រាចារ្យ​Tetsuya Watanabe និង​សហការី ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ទទួល​ផា​សុកភាព​ពេល​ស្នាក់នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com