* គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែកផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត
ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ មេសា ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម ។
គម្រោងផ្លូវជាតិលេខ៧១សេ ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រចំណាយថវិកាប្រមាណ ១៣០លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
ផ្លូវនេះបាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ ជាងនេះទៀត ផ្លូវនេះ និងស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានសាងសង់រួច ពិតជាបានតភ្ជាប់នូវក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅកុះករក្នុងតំបន់នេះ ជាពិសេស ភាពសុខដុមនីយកម្មខាងជំនឿសាសនា រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិក ឥស្លាមកម្ពុជាឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈការប្រាស្រ័យ និងទំនាក់ទំនង ពាណិជ្ជកម្មរួមគ្នាទៅវិញទៅមក។
នាឱកាសនោះ សម្ដេចមហាបវរធិបតីបានថ្លែងថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែក និងពង្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។ អភិក្រមនៃការធ្វើផ្លូវ គឺត្រូវធ្វើដើម្បីតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង និងពង្រីកផ្លូវឱ្យបានច្រើនខ្សែបន្ថែមទៀត ដែលជាសរសៃឈាមសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋយើង។ “មានផ្លូវ មានសង្ឃឹម” ពេលណាមានផ្លូវ អ្វីៗនឹងកើតឡើងជាបន្តបន្ទាប់នៅតាមដងផ្លូវ រួមមានទាំងភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ភូមិឋានប្រជាពលរដ្ឋរស់នៅ មន្ទីរពេទ្យនិងសាលារៀន ជាដើម។
ការភ្ជាប់ស្ពាន និងផ្លូវ នេះពុំមែនសម្រាប់តែអ្នកស្ទឹងត្រង់ និងអ្នកក្រូចឆ្មារទេ ប៉ុន្តែសម្រាប់បម្រើជូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យធ្វើដំណើរកាន់តែងាយស្រួល ឆាប់រហ័ស ជាពិសេស ជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន ហើយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងឯករាជ្យភាពក្នុងការធ្វើដំណើរ។
សមិទ្ធផលថ្ងៃនេះ បានបង្ហាញពីការកសាងសមិទ្ធផល រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ ដែលដឹកនាំដោយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្លើយតប និង បំពេញតម្រូវការជាក់ស្តែង ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ នេះ គឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ចិន ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើង រហូតក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែ ធ្នូ ឆ្នាំ ២០១០ ។ ក្នុងឆ្នាំ២០២៥ នេះដែរ, យើងបានកំណត់យកជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ដើម្បីបន្តរួមចំណេកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអន្តរជាតិ, ជាពិសេស ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការល្អ រួមចំណែកបន្តគាំទ្រដល់ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន” និង ការកសាង “សហគមន៍ជោគវាសនារួមកម្ពុជា-ចិន”ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ។
បន្ថែមពីនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ឆ្នាំនេះ យើងនឹងមានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាការជួបជុំមហាគ្រួសារខ្មែរដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ហើយនៅតាមបណ្ដាខេត្តផ្សេងៗ ក៏នឹងមានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីដូចៗគ្នាដែរ ។ បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ក៏នឹងត្រៀមធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ និង រមណីយដ្ឋាននានា ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង នឹងទទួលបាននូវភាពសប្បាយរីករាយនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយើង ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ ។
ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក, កុំបើកបរលើសល្បឿនកំណត់, កុំបេីកបរពេលស្រវឹង និងកុំដឹកជញ្ជូនលើសទម្ងន់កំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុ។
មុននឹងបញ្ចប់, សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានស្នើដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តជំរុញការសិក្សា និង រៀបចំយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាបន្ថែមទៀត ជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក និង កំពង់ផែ ដោយផ្ដោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និង តំបន់សមុទ្រ ។ បន្ថែមពីនេះ សូមផ្ដាំផ្ញើដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមថែទាំ និង អភិវឌ្ឍ ផ្លូវ ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និង ភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាព ទាំងគុណភាព និង ប្រសិទ្ធផល ៕