ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បានអនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) សមាជិក​គណៈកម្មាធិកា​រ​សវនកម្ម និង​ត្រួតពិនិត្យ​រដ្ឋបាល​នៃ​រដ្ឋសភា និង​ជា​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម Nishimura Yasutoshi នៅ​កម្ពុជា​នា​ពេល​នេះ និង​បាន​រំឭក​នា​ពេល​កន្លង​ទៅ ដែល​សម្តេច​តេជោ បាន​ជួប ឯកឧត្តម Nishimura Yasutoshi នៅក្នុង​ជំនួប​រវាង​សម្តេច និង​ឯកឧត្តម Shinzo Abe​កាលពី​៧​ឆ្នាំមុន​។

​សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ជា​ពិសេស​តាមរយៈ​ទស្សនកិច្ច​របស់​ឯកឧត្តម Nishimura Yasutoshi នៅ​កម្ពុជា​នា​ពេល​នេះ​ផងដែរ​។​

​នា​ឱកាស​នោះ ឯកឧត្តម Nishimura Yasutoshi បាន​សម្តែង​នូវ​អំណរ​អរគុណ និង​ការគោរព​ចំពោះ សម្តេច​តេជោ ដែល​បាន​ផ្តល់​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​សម្តេច​សម្រាប់​ជំនួប​នាពេលនេះ​។ ឯកឧត្តម Nishimura Yasutoshi បាន​រំឭក​អំពី​ប្រសាសន៍​និង​ការគោរព​របស់ ឯកឧត្តម Shinzo Abe ចំពោះ​សម្តេច​តេជោ នា​ពេលកន្លងមក​។

​ឯកឧត្តម Nishimura Yasutoshi បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​សមិទ្ធផល​នានា​ដែល​សម្រេចបាន​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ជប៉ុន និង​កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការ​ការដោះមីន ការគាំទ្រ​យុទ្ធសាស្ត្រ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​ការចូល​ចត​របស់​នាវា​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​នៅ​មូលដ្ឋាន​សមុទ្រ​រាម នា​ពេល​ថ្មីៗ​កន្លងទៅនេះ​។

​ឯកឧត្តម Nishimura Yasutoshi បាន​ប្តេជ្ញា​បន្ត​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ល្អ​រវាង​ជប៉ុន និង​កម្ពុជា តាមរយៈ​សក្តានុពល​នៃ​ការវិនិយោគ​ជប៉ុន​នៅ​កម្ពុជា តួយ៉ាង​ដូចជា​រោងចក្រ​ដំឡើងរថយន្ត​តូយ៉ូតា​នៅ​កម្ពុជា ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី នា​ពេល​ថ្មីៗ​នេះ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ឯកឧត្តម និង​ក្រុមគ្រួសារ បានចាត់ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​ពីរ​របស់​ខ្លួន​ផងដែរ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​ឯកឧត្តម Nishimura Yasutoshi និង​ក្រុមគ្រួសារ ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា ជាពិសេស​សក្តានុពល​សម្បូរ​បែប​របស់​កម្ពុ​ជា និង​សក្ខីកម្ម​នៃ​ការរីកចម្រើន​របស់​កម្ពុជា ដែល​ទាំងនេះ​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការរក្សាបាន​នូវ​សុខសន្តិភាព​។

​សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា សម្តេច បាន​ផ្តល់​តម្លៃ​ខ្ពស់​បំផុត​ដល់​សន្តិភាព ដែល​សម្តេច បាន​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ដោយ​ឥត​រាថយ កសាង​និង​រក្សាបាន​នូវ​សុខសន្តិភាព​ដែល​មាន​រយៈពេល​យូរ​ជាងគេ នៅក្នុង​អំឡុងពេល​៥០០​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ចុងក្រោយ​នេះ​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា សង្គ្រាម​ងាយ​ឆេះ តែ​ពន្លត់​ទៅវិញ​គឺ​ពិបាក​ជាទីបំផុត​។​

​សម្តេច​តេជោ បាន​ថ្លែង​អរគុណ​មិត្ត​ជប៉ុន​ដែល​បាន​ចូលរួម​កសាង​សន្តិភាព​នៅ​កម្ពុជា​ចាត់តាំង​ពីមុន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​កិច្ចសហប្រតិបត្តិការ​ប្រទេស​យើង​ទាំងពីរ​បាន​បន្ត​រីកចម្រើន​ជា​បន្តបន្ទាប់​នៅ​លើ​វិស័យ​ជាច្រើន រួមមាន នយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ …​។​ល​។

​សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់មិត្ត​ជប៉ុន តាំងពី​ជំនាន់ ឯកឧត្តម Shinzo Abe រហូតមកដល់​បច្ចុប្បន្ន ដែល​ជប៉ុន បាន​ជួយ​កសាង និង​អភិវឌ្ឍ​ជា​បន្តបន្ទាប់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​លើ​តម្លៃ​នៃ​ការដឹកជញ្ជូន​, និង​ការតភ្ជាប់​បណ្តាញ​ផ្លូវថ្នល់ ព្រមទាំង​ស្ពាន រួមមាន ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ត្សឹ​បាសា​, ស្ពាន​គី​ហ្សូ​ណា​…​។​

​សម្តេច​តេជោ បាន​សម្តែង​នូវ​អបអរសាទរ​ដែល​សមិទ្ធ​ផល​នានា​កម្ពុជា​សម្រេចបាន ដូច​ជា​កំពង់ផែ​រាម បាន​និង​កំពុង​ដើរ​តួនាទី​ជា​ច្រក​ការទូត​ដ៏​សំខាន់​របស់​កម្ពុជា ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា និង​បេសកកម្ម​មនុស្សធម៌ សុខាភិបាល និង​កីឡា​ជាដើម​។​

​សម្តេច​តេជោ បាន​បន្ត​ចែករំលែក​នូវ​ទស្សន​នានា​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​ចំពោះមុខ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​រីក​រាលដាល​ជា​សាកល និង​ដែល​បាន​ជំរុញ​ការផ្លាស់ប្តូរ​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​នៅក្នុង​ពិភពលោក​ផង​ដែរ​។​

​ឯកឧត្តម Nishimura Yasutoshi បាន​ទទួល​ស្តាប់​ដោយ​ចាប់អារម្មណ៍​បំផុត និង​សម្តែង​នូវ​ក្តីរីករាយ​ដោយ​ទទួលបាន​ការរៀ​ន​សូ​ត្រពី សម្តេច​តេជោ នាពេលនេះ ជាពិសេស ឯកឧត្តម បាន​យល់​យ៉ាងច្បាស់​អំពី​ទឹកចិត្ត​សម្តេច​ក្នុង​ការថែរក្សា​សុខសន្តិភាព​ជូន​ប្រជាជន​កម្ពុជា​។ ឯកឧត្តម Nishimura Yasutoshi បាន​ថ្លែងថា ឯកឧត្តម ក្នុងនាម​ប្រទេស​ជប៉ុន នឹង​ខិតខំ​ជម្រុញ​បន្ថែមទៀត កិច្ចសហប្រតិបត្តិការ​ប្រទេស​យើង​ទាំង​ពីរ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ និង​រឹង​។ ឯកឧត្តម Nishimura Yasutoshi មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​កិច្ចសហប្រតិបត្តិកា​រទាំ​ង​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការបើក​ច្រករបៀង​សេដ្ឋកិច្ច​ថ្មីៗ​បន្ថែម​ទៀត​ជូន​កម្ពុជា​។ ឯកឧត្តម បាន​សម្តែង​នូវ​ការយល់​ស្រប​នឹង​ទស្សន​សម្តេច​តេជោ ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន និង​ជឿជាក់​ថា​តាមរយៈ​ការបន្ត​កិច្ចពិភាក្សា យើង​នឹង​អាច​ស្តារ​ស្ថានភាព​ឱ្យបាន​ល្អ​ប្រសើរ​ឡើង​វិញ​។

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ ឯកឧត្តម Nishimura Yasutoshi​ទទួលបាន​ជោគជ័យ​ក្នុង​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ជូន ឯកឧត្តម Sekiguchi Masakazu ប្រធានព្រឹទ្ធសភា​ជប៉ុន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com