សៀមរាប ៖ ប្រជាពលរដ្ឋជាង៤៣០គ្រួសារ មានលំនៅដ្ឋានលើដីចំណីដងស្ទឹងសៀមរាប ស្ថិតលើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែអភិវឌ្ឍន៍ក្រុងទេសចរណ៍អង្គរ និងស្ថិតក្នុងគម្រោងកែលម្អសោភ័ណភាពនៃដងស្ទឹងនោះ ស្ម័គ្រចិត្តប្តូរទីតាំងទៅកសាងជីវភាពរស់នៅលើដីថ្មីនៅ ភូមិធម្មជាតិ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ប្រជាពលរដ្ឋមានលំនៅដ្ឋានលើដីចំណីដងស្ទឹងទាំងនេះ ចាប់ពីស្ពាននាគ ដល់ស្ពានអង្គរ ក្នុងសង្គាត់ស្លក្រាមក្រុងសៀមរាព្រមទទួលគោលនយោបាយនិងការសម្របសម្រួលពីអាជ្ញាធរខេត្ត ដោយក្នុង១គ្រួសារទទួលបានផ្ទៃដីលំនៅដ្ឋាន ២០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ក្នុងភូមិធម្មជាតិ ឃុំរុនតាឯក ស្រុកបន្ទាយស្រី មានចម្ងាយប្រមាណជាង២២គីឡូម៉ែត្រ ពីក្រុងសៀមរាប ។
បើយោងតាមប្រសាសន៍របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា នៅក្នុងដំណើរបំពេញការងារ ដឹកនាំក្រុមមន្ត្រីជំនាញពាក់ព័ន្ធ ចុះបោះបង្គោលសំគាល់ដីឡូត៍ ហើយក៏ស្ថិតក្នុងគោលបំណងដ៏សំខាន់ផងដែរ គឺដើម្បីជម្រុញបន្ថែម លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិថ្មីនេះ ឲ្យសមស្របបំផុត ឆ្លើយតបបានទៅនឹងតម្រូវការជីវភាពរស់នៅថ្មីរបស់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយទីតាំងថ្មីនេះ ស្ថិតនៅខាងលិច ចម្ងាយជាង១គីឡូម៉ែត្រប៉ុណ្ណោះ ពីភូមិធម្មជាតិរុនតាឯកទី១ ដែលបានដំណើរការអភិវឌ្ឍន៍ ជិត១០ឆ្នាំកន្លងមកហើយនោះ ។
ប្រជាពលរដ្ឋដែលបានចាប់ឆ្នោតរួចហើយ និងត្រៀមខ្លួនមកកាន់ទីតាំងថ្មីនេះ បានបង្ហាញការពេញចិត្ត នៅពេលដែលបានទៅឃើញទីតាំងនោះដោយផ្ទាល់ ក៏ប៉ុន្តែក៏បានភ្ជាប់ជាមួយនូវសំណូមពរផងដែរ ដែលជាបញ្ហាប្រឈមរបស់ខ្លួន ផ្តោតទៅលើការរុះរើផ្ទះ និង ការដឹកជញ្ជូន ដោយសារតែវិបត្តិកូវីដ-១៩ ពួកគាត់មួយចំនួនកំពុងជួបប្រទះនូវកង្វះខាត ។
តាមផែនការដែលបានរៀបចំទុក នៃគណកម្មការអន្តរក្រសួងដើម្បីសិក្សាអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងការកែលម្អសោភ័ណភាពដងស្ទឹងសៀមរាប ដែលមានសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាប្រធាន កិច្ចការទាំងនេះត្រូវបានរួមកិច្ចសហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា ។
ពាក់ព័ន្ធទៅនឹងគោលនយោបាលនិងការសម្របសម្រួលអនុវត្តគម្រោងទាំងនេះ លោក សុខ ថុល នាយករដ្ឋបាល ខេត្ត បញ្ជាក់ឲ្យដឹងថា ចំពោះបងប្អូនដែលរស់នៅលើដីចំណីដីមាត់ស្ទឹងសៀមរាប អាជ្ញាធរខេត្តបានធ្វើការសម្របសម្រួលជូន ដល់បងប្អូន ក្នុងការរុះរើ ដឹកជញ្ជូនពីទីតាំងចាស់ទៅកាន់ទីតាំងថ្មី ដោយអាជ្ញាធរខេត្តបានសហការជាមួយមន្ទីរជំនាញ ដើម្បីបង្កលក្ខណៈងាយស្រួយជូនបងប្អូនមករស់នៅទីនេះប្រកបដោយសុវត្ថិភាព សុខសាន្តនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីក្នុងខេត្តរបស់ យើងនេះ ។ អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធនិងជួយសម្របសម្រួលជូនពួកគាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មករស់នៅទីនេះដោយងាយស្រួលនិងសុវត្ថិភាព។សូមបញ្ជាក់ថា ផ្ទៃដីសរុបដែលផ្តល់ជូនប្រជាពលរដ្ឋមកតាំងទីលំនៅថ្មីនេះមាន៨៥ហិកតា ។
លោក គង់ ប៊ុនឈឿន ប្រជាពលរដ្ឋភូមិមណ្ឌល៣ នៃចំណុចដីចំណីដងស្ទឹងសៀមរាប ដែលកំពុងត្រៀមខ្លួនទៅរស់នៅលើទីតាំងថ្មី ( ក្នុងភូមិធម្មជាតិ រុនតាឯក ) មានចំណាប់អារម្មណ៍ជាវិជ្ជមាន សម្រាប់អនាគតថ្មីនៃគ្រួសាររបស់គាត់ ។
គួរបញ្ជាក់ដែរថា ភូមិធម្មជាតិរុនតាឯកទី១ ដែលបានចាប់ផ្តើមរៀបចំឡើងនៅក្នុងអំឡុងឆ្នាំ២០១១ដោយអាជ្ញាធរជាតិអប្សរា មានប្រជាពលរដ្ឋរស់នៅប្រមាណជាង១០០គ្រួសារ។ ប្រជាពលរដ្ឋទាំងនោះ គឺជាអ្នកស្ម័គ្រចិត្តចាកចេញពីតំបន់ឧទ្យានអង្គរ ហើយបច្ចុប្បន្ននេះកំពុងស្ថិតក្នុងជីវភាពនៃការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន និងជាមូលដ្ឋានគោលដៅទេសចរណ៍ធម្មជាតិផងដែរ៕