(កំពង់ចាម)៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងនាយករដ្ឋបាលសាលាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ សរុបប្រមាណ ២០០នាក់។
សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ចំនួន ៣រូប ដូចខាងក្រោម៖
១-ត្រូវបានផ្ទេរភារកិច្ច លោក ចាន់ រ៉ាន់ ពីអភិបាលរងខេត្តព្រៃវែង ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួសលោក ហាន កុសល។
២-ត្រូវបានតែងតាំងលោក ឃន ប្រុស ពីនាយករដ្ឋបាលសាលាខេត្តកំពង់ចាម ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលខេត្តកំពង់ចាម។
៣-ត្រូវបានតែងតាំង លោក ជា សិលា ជានាយករដ្ឋបាលសាលាខេត្តកំពង់ចាម ជំនួសលោក ឃន ប្រុស៕