សៀមរាប ៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២២ ឧសភា ចំនួន៤៣គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប បានទទួលអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២០ ដឹកនាំដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប រួមទាំងសហការី និង អស់ លោក លោកស្រី ជាមន្ត្រីអនុសាខា អាជ្ញាធរក្រុង ចៅសង្កាត់ មេភូមិ ចូលរួមនៅក្នុងបរិវេណសាលាបុណ្យភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ដោយរលំផ្ទះ ០៨ខ្នង របើកដំបូលធ្ងន់ធ្ងរ ៣៥ខ្នងផ្ទះ ។
លោកជំទាវ ទាង អេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ តែនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកជំទាវក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា” ។
ក្នុងនោះលោកជំទាវក៏បានធ្វើការណែនាំមួយចំនួន ដើម្បីជាមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនិងបង្កា ការពារ ទប់ស្កាត់នូវរលកទី២ នៃជម្ងឺឆ្លងកូវិដ១៩ ទោះបីមានភាពធូស្រាលពីជម្ងឺកូវិដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ហើយក្នុងពេលថ្មីៗនេះដែរ កម្ពុជាក៏មានអ្នកនាំចូលនូវជម្ងឺកូវិដ១៩ ចំនួន២ករណីទៀតផង ។
ទោះបីនៅកម្ពុជាយើងពុំ មានអ្នកស្លាប់ដោយជម្ងឺឆ្លងកូវិដ១៩ក៏ដោយ យើងទាំងអស់គ្នា រួមសហការគ្នាប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវជម្ងឺឆ្លងកូវិដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដោយមិនបានបន្ថូរបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃជម្ងឺកូវិដ ១៩ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍ ។
លោកជំទាវក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយនូវការជួបជុំ ប្រមូលផ្តុំគ្នា ។ លោកជំទាវក៏បានធ្វើការក្រើនរំលឹកដល់ បងប្អូនត្រូវត្រៀម លក្ខណៈសម្ភារៈកសិកម្ម ដើម្បីបង្កបង្កើនផលឲ្យបានទាន់រដូវធ្វើស្រែ ចំការ ។
ម្យ៉ាងទៀត ក៏ត្រូវមានការប្រុងប្រយ័ត្ន នៅពេលភ្លៀង ខ្យល់ ផ្គររន្ទះ កុំប្រើប្រាស់នូវគ្រឿងអេឡិចត្រូនុច(ទូរស័ព្ទ)ដែលជាចរន្តចម្លង ដែលបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត និងត្រូវចេះថែរក្សា សុខភាព សំខាន់ចំពោះកុមារតូចៗ និង ចាស់ជរា ដែលជាមុខសញ្ញាក្នុងការឆ្លងនៃជម្ងឺកូវិដ១៩ ហើយបើមានកើតនូវ រោគសញ្ញាណាមួយ ក៏ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅជិតខ្លួន ។
ក្នុងការផ្តល់អំណោយមនុស្សធម៌នោះ ដោយមួយគ្រួសារទទួលបាន អង្ករ ៣០គក្រ , មី១កេស ,ត្រីខ១យូរ , កន្ទេល ១ , ឃីត១កញ្ចប់ ,អាវយឺត២ , ហើយបន្ថែមលើនោះអ្នកផ្ទះរលំ ទទួលបានស័ង្កសី ១៦សន្លឹក ថវិកា ២០ម៉ឺនរៀល និង គ្រួសារផ្ទះរបើក ដំបូល បន្ថែមនូវស័ង្កសី ១០សន្លឹក និងថវិកា ១០ម៉ឺនរៀលផងដែរ ៕
ប៊ុនរិទ្ធី