(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំពិនិត្យការអនុវត្តកិច្ចសន្យាវិនិយោគរមណីយដ្ឋានស្ទឹងជីនិត ក្រោមអធិបតីភាព លោកជំទាវ លំ គន្ធារី អភិបាលរង និងឯកឧត្តម ហ៊ីម លីម៉េង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ។
កិច្ចប្រជុំនេះបានបប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំង មន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុក លោកស្រីមេឃុំ និងសហគ្រាសវិនិយោគ។
បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម៖
ទី១៖ រដ្ឋបាលខេត្តកំពង់ធំ និងភាគីអ្នកវិនិយោគ សម្រេចលុបកិច្ចសន្យាវិនិយោគ ដោយយកទីតាំងមកអភិវឌ្ឍន៍ និងកែលម្អឡើងវិញ
ទី២៖ សម្ភារ និងថវិកានៅសល់ វិនិយោគកន្លងមក រដ្ឋបាលខេត្តឯកភាពប្រគល់ជូនភាគីអ្នកវិនិយោគ ដោយត្រូវរុះរើយ៉ាងយូររយៈពេលមួយខែ ដើម្បីឱ្យក្រុមការងារចូលរៀបចំអភិវឌ្ឍន៍។
ទី៣៖ ប្រគល់ទីតាំងរមណីយដ្ឋាន ស្ទឹងជីនិត ជូនទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រដ្ឋបាលស្រុកបារាយណ៍ និងរដ្ឋបាលឃុំបល្ល័ង្ក ជាអ្នកគ្រប់គ្រងជាបណ្តោះអាសន្ន។
រដ្ឋបាលខេត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះភាគីអ្នកវិនិយោគ ដែលតែងតែចូលរួមសហការសម្របសម្រួល និងចូលរួមគោរពតាមគោលការណ៍ នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល រក្សាសន្តិភាពក្នុងយុទ្ធសាស្ត្រឈ្នះៗ ទាំងអស់គ្នា។
គូសបញ្ជាក់ផងដែរថា រមណីយដ្ឋានស្ទឹងជីនិត ឬហៅថាទំនប់មួយមករា នឹងត្រូវធ្វើការអភិវឌ្ឍកែលម្អបន្ថែមក្នុងគោលបំណង អាចទាក់ទាញភ្ញៀវទេសចរ កាន់តែប្រសើរឡើង ក៏ដូចជាប្រព័ន្ធធារាសាស្ត្រផងដែរ។