សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សំគាល់ថា មួយរយៈនេះ ថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។
សម្តេចបានបន្តថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។
ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីភាគីថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា៖
១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។
២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។
៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។
៤. វិធីសាស្ត្របៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្ត្រដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។
និង៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព៕