(កំពង់ចាម) :នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទក្រហមកម្ពុជា ផ្ដល់ជូនវីរៈកងទ័ពជួរមុខ ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។
នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា លោកនាយចំណង់ យឹង យីង អាយុ ៦០ឆ្នាំ និង លោកព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧ឆ្នាំ ជាវីរយុទ្ធជនជួរមុខ ក្នុងអង្គភាពវរ:សេនាតូច ២១១ នៃកងពលធំលេខ ២១ ទិសប្រសាទតាក្របី មានជម្ងឺលើសសម្ពាធឈាម និងរលាកសរសៃឆ្អឹងខ្នង រួមទាំងឆ្អឹងផាល ។ ពួកគាត់ មានគ្រួសារនៅក្នុងស្រុកបាធាយ ដោយលោកនាយចំណង់ យឹង យីង រស់នៅភូមិជ្រែក ឃុំបាធាយ រីឯលោកព្រឹន្ទបាលឯក ដួង ចិន្ត្រា រស់នៅភូមិបែកពាង ឃុំជាលា ។ ប៉ុន្តែដោយមានបញ្ហាសុខភាព វីរយុទ្ធជនជួរមុខទាំង ២រូប ត្រូវបានមេបញ្ជាការអង្គភាពអនុញ្ញាតច្បាប់វិលមកមូលដ្ឋាន ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលសេវាពិនិត្យ ព្យាបាល ជាបន្ទុកទាំងស្រុងរបស់មន្ទីរពេទ្យបង្អែកស្រុក ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់។